FacebookTwitter




 




តើនរណាខ្លះ​ជា​បេក្ខជន​ ដែល​កំពុង​ប្រកួត​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតីបារាំង នៅ​ក្នុងការ​បោះឆ្នោត​ឆ្នាំ២០១៧នេះ? ចុចលើ​រូបថត ដើម្បី​មើល​ពី​ចំណុច​សំខាន់ៗ​របស់​បេក្ខជន​នីមួយៗ។





អត្ថបទ៖ Romain Brunet et Latifa Mouaoued
ក្រាហ្វិក៖ Studio graphique France Médias Monde
រូបថត៖ Joel Saget, Geoffroy Van Der Has, Eric Feferberg, AFP, Studio graphique France Médias Monde
Member Bio image

ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង

Les Républicains


អាយុ៖ ៦៣ឆ្នាំ
គណបក្ស៖ Les Républicains
អតីត​នាយករដ្ឋមន្រ្តី ក្រោម​អាណត្តិ​ប្រធានាធិបតី​នីកូឡាសាកូហ្ស៊ី (២០០៧-២០១២) និង​ជា​តំណាងរាស្រ្ត​មណ្ឌលប៉ារីស

សច្ចធម៌៖ ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​លើកឡើង​ជារឿយៗ​ពី​ភាពស្អាតស្អំ​​មិនជាប់ប្រឡាក់ប្រឡូក​នឹង​សំណុំរឿង​តុលាការ​ដូចជា​គូប្រជែង ក៏ប៉ុន្តែ ក្រោយ​មក​លោក​ហ្វ្រង់ស័រ ហ្វ៊ីយ៉ុង ខ្លួនឯង​ត្រូវ​ជាប់​រឿង​អាស្រូវ ហើយ​ត្រូវ​តុលាការ​ចោទប្រកាន់​ជុំវិញ​ការ​ដាក់​ឈ្មោះ​ប្រពន្ធ​និង​កូន​ជា​ជំនួយការ​ស៊ីប្រាក់ខែ​តែ​មិន​ធ្វើការពិតប្រាកដ។

មិនគោរពវិន័យ៖ កាលពីក្មេង​ជា​សិស្ស​ដែល​មិនសូវ​ចេះគោរពគ្រូ​និង​អាជ្ញាធរ។ ធ្លាប់​រួមដៃជាមួយ​គូកនគេចសាលា​ហើយ​ទៅ​ចូលរួម​ក្នុង​ចលនា​បាតុកម្ម​និស្សិត (ចលនា​ប្រឆាំង​ខែឧសភា​ឆ្នាំ១៩៦៨) មុននឹង​ត្រូវ​ប៉ូលិស​ចាប់បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​សាលាវិញ ដើរបណ្តើរ​ ច្រៀងបទបដិវត្តន៍បណ្តើរ។

គ្រិស្តបរិស័ទ៖ “ខ្ញុំ​នឹង​មិន​ធ្វើ​អ្វីឲ្យ​ជ្រុលជ្រួស​ហួសព្រំដែន​នោះទេ ពីព្រោះ​ខ្ញុំ​ជា​អ្នក​កាន់​គ្រិស្តសាសនា”។ ជំនឿលើ​គ្រិស្តសាសនា​​តែងតែ​ត្រូវបាន​លោក​ហ្វ្រង់ស័រ ហ៊្វីយ៉ុង លើក​ឡើង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដើម្បី​ជា​ការ​បញ្ជាក់​ពី​ភាពមិនជ្រុលនិយម និង​មនុស្សធម៌​របស់​លោក។


Member Bio image

ម៉ារីន ឡឺប៉ែន

Front National


អាយុ៖ ៤៨ឆ្នាំ
គណបក្ស៖ Front national (FN)
ពាក្យស្លោក៖ « Au nom du peuple »
សមាជិកសភា​អឺរ៉ុប ពី​ឆ្នាំ២០០៤​មកទល់​បច្ចុប្បន្ន
ធ្ធ្លាប់​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង កាល​ពីឆ្នាំ២០១២ ហើយ​​ជាប់​លេខ៣ ដោយ​ទទួលសំឡេងគាំទ្រ ១៧,៩%

ស្រ្តី៖ “ខ្ញុំ​ជាស្រ្តី​ដ៏កម្រ​ដែល​ឈរឈ្មោះ​ជា​ប្រធានាធិបតី »។ លោកស្រី​ម៉ារីន ឡឺប៉ែ​ន មិនញញើត​នឹង​លើក​យក​ភាព​ជាស្រ្តី​មក​ធ្វើ​ជា​ទឡ្ហីករណ៍​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

កែលម្អមុខមាត់បក្ស៖ ចាប់តាំងពី​ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស Front national លោកស្រី​ម៉ារីន ឡឺប៉ែន បាន​ព្យាយាម​ធ្វើការ​ផ្លាស់ប្តូរ​មុខមាត់​បក្ស​ដែល​តែងតែ​ត្រូវបាន​គេ​ចាត់ទុក​ជា​បក្ស​ស្តាំជ្រុលនិយម ហើយ​ផ្លាស់ប្តូរ​ការនិយាយ​ស្តី ដោយ​ចៀសវាង​ការប្រើភាសា​ជ្រុលនិយម ដូចដែល​ឪពុកលោកស្រី​ធ្លាប់​ធ្វើ កាល​នៅជា​ប្រធានបក្ស។

អន្តោប្រវេសន៍៖ ជាប្រធានបទ​ចម្បង​របស់​លោកស្រី​នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ លោកស្រី​ចង់​កាត់បន្ថយ​ឲ្យបាន​យ៉ាងច្រើន​បំផុត​នូវ​ចលនា​អន្តោប្រវេសន៍​ស្របច្បាប់ លុបចោល​នូវ​សិទ្ធិទទួល​បាន​សញ្ជាតិបារាំង​សម្រាប់​ជនបរទេស​ដែល​កើតលើ​ទឹកដី​បារាំង ព្រមទាំង​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្ម​នុញ្ញ​នូវ​បញ្ញត្តិ​ដែល​ចែងពី​ការ​ផ្តល់​សិទ្ធិអាទិភាព​ចំពោះ​ពលរដ្ឋ​បារាំង។

គ្រហស្ថភាព៖ លោកស្រី​ចង់​ហាមឃាត់​ដាច់ខាត​នូវ​រាល់​ការ​ប្រើ​សញ្ញា​តំណាង​សាសនា​នៅ​ទីសាធារណៈ ហើយ​អះអាង​ជារឿយៗ​ថា ជំនឿ​អ៊ីស្លាម​ជ្រុលនិយម គឺ​ជា​ចំណុចស៊ីប​អាទិភាព​របស់​លោកស្រី។


Member Bio image

បឺណ័រ អាម៉ុង

Parti socialiste


អាយុ៖ ៤៩ឆ្នាំ
គណបក្ស៖ Parti socialiste
ពាក្យស្លោក៖ « Faire battre le cœur de la France »
អតីតរដ្ឋមន្រ្តី​ក្រសួង​អប់រំ​ និង​ជា​តំណាងរាស្រ្ត​ចាប់ពីឆ្នាំ២០១៤​មកទល់​បច្ចុប្បន្ន

បះបោរ៖ ក្រោយ​ពី​បានធ្វើ​ជា​រដ្ឋមន្រ្តី​ដល់​ទៅពីរលើក​ លោក​បឺណ័រ អាម៉ុង បាន​ចុះចេញ​ពីតំណែង​ដោយសារ​តែមិនយល់ស្របតាម​គោលនយោបាយ​របស់​​លោក​ហ្វ្រង់ស័រ ហូឡង់។ បន្ទាប់​មក​លោក​បាន​ចូលរួមជាមួយ​នឹង​ “ក្រុមបះបោរ” ពោលគឺ អ្នក​ដែល​ចេញ​ពី​បក្សកាន់អំណាច​ដូចគ្នា តែ​ប្រឆាំង​នឹង​នយោបាយ​រដ្ឋាភិបាល។

គ្មានអ្នកណានឹកស្មានដល់៖ ជា​ឥស្សរជន​​នយោបាយ​ដែល​មិនសូវ​មាន​ប្រជាប្រិយភាព​ខ្ពស់​ ក៏​ប៉ុន្តែ បែរជា​បាន​ជាប់​ឆ្នោត​ទទួល​បាន​សំឡេង​យ៉ាង​ច្រើនលើសលុប ក្នុង​ការ​​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី សម្រាប់​គណបក្ស​ឆ្វេងនិយម ដោយ​យកឈ្នះ​អតីត​នាយករដ្ឋមន្រ្តី គឺ​លោក​ម៉ានុយអ៊ែល វ៉ាល់ស៍។

ប្រាក់ខែសកល៖ ធានា​ឲ្យ​ប្រជាជន​គ្រប់រូប​ទទួល​បាន​ប្រាក់​ចំណូល​​អប្បបរមា​ប្រចាំខែ ទោះជា​មិនមានការងារធ្វើ។ នេះ​ជា​គោលនយោបាយ​ដ៏ចម្បង​របស់​លោក​បឺណ័រ អាម៉ុង ដែល​បាន​ក្លាយ​ជា​ប្រធានបទគោល​នៃ​ការ​ជជែកដេញដោលគ្នា ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ សម្រាប់​គណបក្ស​ឆ្វេងនិយម។


Member Bio image

ហ្សង់លុច មេឡង់ស្ហុង

La France insoumise


អាយុ៖ ៦៥ឆ្នាំ
គណបក្ស៖ La France insoumise
ពាក្យស្លោក៖ « L’avenir en commun »
ធ្លាប់ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពីឆ្នាំ២០១២ ហើយជាប់​លេខ៤ ដោយទទួល​បាន​សំឡេងគាំទ្រ ១១,១%

“ដូរចេញទាំងអស់”៖ ដោយយកគំរូតាម​បដិវត្តន៍​ទុយនីស៊ី លោក​ហ្សង់លុច មេឡង់ស្ហុង ចង់​ឲ្យ​អ្នក​នយោបាយ​ចាស់ៗ​ទាំងអស់ “ទៅឲ្យបាត់” ពី​ឆាកនយោបាយ​បារាំង។

ប្រឆាំងអាល្លឺម៉ង់៖ សរសេរ​សៀវភៅ​មួយក្បាល ចុះផ្សាយ​កាល​ពីឆ្នាំ២០១៥ ដោយ​បាន​ធ្វើការ​បរិហាររិះគន់​ដោយ​ប្រើ​ពាក្យសម្តីធ្ងន់ៗ​បំផុត​ទៅលើ​លោកស្រី​អង់ហ្កេឡា មែរកិល។

២.០៖ ជា​អ្នក​នយោបាយ​ទាន់សម័យ​បច្ចេកវិទ្យាអ៊ីនធ័រនែត។ កម្មវិធីវីដេ​អូ​​របស់​លោក​​ដែល​ផ្សាយតាម​ Youtube បាន​ទទួល​ជោគជ័យ​យ៉ាងខ្លាំង ហើយ​ការ​ធ្វើ​មិទ្ទិញ​​​​នៅ​ច្រើន​កន្លែង​ក្នុងពេល​តែមួយ ដោយ​​​ផ្សាយបន្ត​តាម​រូបភាព​ហូឡូក្រាម បានក្លាយ​ជា​ហេតុការណ៍​ដ៏​គួរ​ឲ្យ​កត់សម្គាល់បំផុត​​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង នៅ​ឆ្នាំនេះ។

តមចំណីដើម្បីបរិស្ថាន៖ អួតបង្ហាញ​ជា​សាធារណៈ​ពី​មុខម្ហូប​ដែល​លោក​ទទួលទាន​ជា​ប្រចាំ ដើម្បី​សម្រក​ទម្ងន់ តែ​គោលដៅ​សំខាន់ គឺ​ដើម្បី​​ជា​សារ​នយោបាយ​បង្ហាញ​ពីការ​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​​វិស័យកសិកម្ម​ដែល​គោរព​បរិស្ថាន។


Member Bio image

អេម៉ានុយអែល ម៉ាក្រុង

En Marche !


អាយុ៖ ៣៩ឆ្នាំ
គណបក្ស៖ En Marche !
អតីត​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច
មិនធ្លាប់​ដែលប្រកួតប្រជែង​​​ក្នុងការ​បោះឆ្នោត​ណាទាំងអស់

បរាជ័យនៅ ENS៖ ប្រវត្តិ​របស់​លោក​ម៉ានុយអែល ម៉ាក្រុង ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​ជោគជ័យ ក៏ប៉ុន្តែ លោក​ក៏ធ្លាប់​ឆ្លងកាត់​ដែរ​នូវ​បរាជ័យ​ក្នុងការ​សិក្សា។ លោក​ទទួល​បរាជ័យ​​ដោយ​ប្រឡង​មិនជាប់ចូល​រៀន​នៅ​សាលា​គរុកោសល្យ​ជាន់ខ្ពស់ (Ecole normal supérieure) ក្រោយ​ពី​បាន​រៀនត្រៀម​នៅ​វិទ្យាល័យ​ដ៏ល្បីឈ្មោះ​នៅ​ប៉ារីស គឺ​វិទ្យាល័យ​ Henri IV។

មិនឆ្វេងមិនស្តាំ៖ តាំងខ្លួន​ជា​អ្នក​នយោបាយ​បែបថ្មី ដែល​មិន​ប្រកាន់​និន្នាការ​ឆ្វេង ឬ​ស្តាំ។ ធ្លាប់​ធ្វើ​ជា​សកម្មជន​គាំទ្រ​លោក​ហ្សង់ព្យែរ ស្ហឺវែណឺម៉ង់ បេក្ខជន​ប្រធានាធិបតី​កាល​ពីឆ្នាំ២០០២ ដែល​ប្រកាន់​គោនយោបាយ​មិនឆ្វេង​មិនស្តាំ និង​នយោបាយ​អធិបតេយ្យនិយម។ ប៉ុន្តែ ខុសពី​លោក​ហ្សង់ព្យែរ ស្ហឺវែណឺម៉ង់ គោលនយោបាយ​របស់​លោក​ម៉ានុយអែល ម៉ាក្រុង ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០១៧ គឺ​បង្ហាញ​ពី​ការគាំទ្រ​ដល់​សមាហរណកម្ម​ក្នុង​សហភាព​អឺរ៉ុប។

Les Gracques ៖ កាលពី​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០០៧ ធ្លាប់​ចូលរួម​ក្នុង​ចលនា​មួយ​ឆ្មោះ​ថា “Les Gracques”​ ដែលមានសមាជិក​ជា​​ប្រមុខដឹកនាំ​ក្រុមហ៊ុន និង​មន្រ្តីរដ្ឋការជាន់ខ្ពស់ ហើយ​អំពាវនាវ​ឲ្យ​មាន​កា​ររួបរួមគ្នា​រវាង​​បេក្ខនារី​មក​ពី​គណបក្ស​ឆ្វេងនិយម គឺ​លោកស្រី​សេហ្គោលែន រ៉ូយ៉ាល់ និង​បេក្ខជន​មក​ពី​គណបក្ស​កណ្តាលនិយម គឺ​លោក​ហ្វ្រង់ស័រ បេរូ។


Member Bio image

នីកូឡា ឌុយប៉ុងអែញ៉ង់

Debout la France !


អាយុ៖ ៥៦ឆ្នាំ
គណបក្ស៖ Debout la France !
ពាក្យស្លោក៖ « Debout la France ! »
តំណាងរាស្រ្ត
ធ្លាប់​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពីឆ្នាំ២០១២ ហើយ​ជាប់លេខ៧ ដោយ​ទទួល​បាន​សំឡេងគាំទ្រ ១,១៥%

Gaullisme៖ ក្រោយ​ពី​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ស្តាំនិយម គឺ​គណបក្ស RPR និង​បន្ទាប់មកទៀត​ដូរឈ្មោះ​ជា UMP លោក​នីកូឡា ឌុយប៉ុងអែញ៉ង់ បាន​ចេញ​ពី​បក្ស​នៅ​ឆ្នាំ២០០៧ ដោយសារ​តែ​មិនត្រូវគ្នា​ជាមួយ​លោក​នីកូឡា សាកូហ្ស៊ី ដែល​ជា​មេដឹកនាំបក្ស។ លោក​បាន​បង្កើត​បក្ស​ថ្មី​ ដោយ​ដាក់​ឈ្មោះថា “Debout la République” ហើយ​តាំងខ្លួន​ជា​គណបក្ស​ដែល​មាន​គោលនយោបាយ​ស្របទៅនឹង​គោលគំនិត​របស់​លោក​អតីត​ប្រធានាធិបតី ស្ហាល ដឺហ្គោល។

ប្រឆាំងអឺរ៉ុប៖ លោក​តែងតែ​ធ្វើការ​បរិហារិះគន់​មេដឹកនាំ​ស្ថាប័ន​​សហភាពអឺរ៉ុប ដោយ​លើកឡើង​ថា ពួកគេ​សុទ្ធតែ​ជា​មន្រ្តី​ដែល​មិនកើតចេញ​ពី​ការ​បោះឆ្នោត​ដោយ​ប្រជាជន តែ​មានអំណាច​លើ​ស្ថាប័ន​ជាតិ​ក្នុង​ប្រទេស​ជា​សមាជិក ហើយ​ថា សមាហរ័ណកម្ម​អឺរ៉ុប​ធ្វើ​ឲ្យ​បារាំង​បាត់បង់​អធិបតេយ្យ។

លុយហ្វ្រង់៖ លោក​គាំទ្រ​ឲ្យ​រក្សា​ការចាយលុយ​អឺរ៉ូ តែ​ទាមទារ​ឲ្យ​បារាំង​វិលត្រឡប់​ទៅ​ចាយលុយ​ហ្វ្រង់វិញ ដោយ​ដាក់ឲ្យ​ចរាចរ​រូបិយប័ណ្ណ​ទាំងពីរ​ក្នុងពេល​តែមួយ។

អន្តោប្រវេសន៍៖ ទាមទារ​ឲ្យ​រឹតបន្តឹង​លំហូរ​អន្តោប្រវេសន៍ ដែល​លោក​យល់ថា ជា​ការ​គំរាមកំហែង​ដល់​ “ឯកភាពជាតិ”។ ទាមទារ​ឲ្យ​ជនអន្តោប្រវេសន៍​ទាំងអស់​ត្រូវតែ​សម្រប​ខ្លួន​ឲ្យ​ដូច​​បារាំង​ដែល​ជា​ជនជាតិដើម។


Member Bio image

ណាតាលី អាកតូ

Lutte Ouvrière


អាយុ៖ ៤៧ឆ្នាំ
គណបក្ស៖ Lutte Ouvrière
ពាក្យស្លោក៖ « Faire entendre le camp des travailleurs »
ធ្លាប់​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពីឆ្នាំ២០១២ ហើយ​ជាប់លេខ៩ ដោយទទួលសំឡេងគាំទ្រ ០,៥៦%

ពលករជាចម្បង៖ ជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​វិទ្យាល័យ​មួយ​នៅ​ជាយក្រុង​ខាងជើង​ប៉ារីស លោកស្រី​ណាតាលី អាកតូ យក​ការ​ការពារ​សិទ្ធិពលករ​ជា​គោលនយោបាយ​ចម្បង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

បដិវត្តន៍៖ ការលើកតម្កើង​វណ្ណៈអធន​តទល់​នឹង​វណ្ណៈសក្តិភូមិ គឺ​ជា​ប្រធានបទ​ចម្បង​របស់​លោកស្រី​ណាតាលី អាកតូ ដែល​ជា​អ្នក​ប្រកាន់​និន្នាការ​កុម្មុយនិស្ត។ លោកស្រី​តែងតែ​បាន​លើកឡើង​ថា លោកស្រី​មិនចង់​បានទេ​អំណាច តែ​ចង់​ “ផ្តួលរំលំ​ប្រព័ន្ធដឹកនាំ​បច្ចុប្បន្ន” ដោយ​សារថា “​ស្ថានភាព​ស្រុកទេស​សព្វថ្ងៃ​នេះ​កាន់តែ​ធ្លាក់​ចុះដុនដាប។ លក្ខខណ្ឌ​ការងារ​កាន់តែ​អាក្រក់ឡើង ហើយ​ការ​កេងប្រវ័ញ្ច​លើ​ពលករ​ក៏​មាន​កាន់តែ​ច្រើន”។


Member Bio image

ហ្វ្រង់ស័រ អាសេលីណូ

Union Populaire Républicaine


អាយុ៖ ៥៩ឆ្នាំ
គណបក្ស៖ Union populaire républicaine (UPR)
ធ្លាប់ព្យាយាម​ចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី កាល​ពីឆ្នាំ២០១២ ក៏ប៉ុន្តែ មិនអាច​ចុះឈ្មោះ​បេក្ខជន​បាន ដោយសារ​តែ​រក​ហត្ថលេខា​គាំទ្រ​មិនគ្រប់ ៥០០

រដ្ឋការជាន់ខ្ពស់៖ ចេញពី​សាលារដ្ឋបាល ENA (ស្រដៀង​នឹង​សាលាភូមិន្ទរដ្ឋបាល​នៅ​កម្ពុជា) លោក​ហ្វ្រង់ស័រ អាសេលីណូ ធ្លាប់​បាន​កាន់តំណែង​សំខាន់ៗ​នៅ​តាម​ក្រសួង​មួយចំនួន ​ក្នុង​ក្របខណ្ឌ​មន្រ្តី​រដ្ឋការ​ស៊ីវិល។ លោក​ធ្លាប់​ធ្វើ​ជា​នាយកខុទ្ទកាល័យ​របស់​លោក​ស្ហាល ប៉ាស្គ័រ នៅពេល​លោក​កាន់តំណែង​ជា​អភិបាលខេត្ត​ Hauts-de-Seine ក្នុងចន្លោះ​ឆ្នាំ២០០១ ដល់​ឆ្នាំ​២០០៤។

ក្រុមប្រឹក្សាក្រុងប៉ារីស៖ ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុងប៉ារីស​កាល​ពីឆ្នាំ​២០០១។ លោក​ធ្លាប់​ស្ថិត​ក្នុងក្រុម​សមាជិកក្រុមប្រឹក្សា​ក្រុង​មក​ពី​គណបក្ស​ស្តាំនិយម UMP ក៏ប៉ុន្តែ បាន​ចេញ​ពី​ក្រុម​នៅ​ឆ្នាំ២០០៦ ដោយ​សារប្រឆាំង​នឹង​នយោបាយ​របស់ UMP ដែល​លោក​ហ្វ្រង់ស័រ អាសេលីណូ ចាត់ទុក​ថា មាន​ទំនោរខ្លាំងពេក​ទៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។

និយមរុស្ស៊ី៖ គោលនយោបាយ​ប្រឆាំង​អាមេរិក​ដ៏ខ្លាំងក្លា​របស់​លោក​ហ្វ្រង់ស័រ អាសេលីណូ ធ្វើ​ឲ្យ​បេក្ខភាព​ប្រធានាធិបតី​របស់​លោក​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​រនុកក្នុង​របស់​លោក​ពូទីន។


Member Bio image

ហ្វីលីព ពូទូ

Nouveau Parti anticapitaliste


អាយុ៖ ៥០ឆ្នាំ
គណបក្ស៖ Nouveau Parti anticapitaliste
ពាក្យស្លោក៖ « Nos vies, pas leurs profits »
ធ្លាប់ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី កាល​ពីឆ្នាំ២០១២ ហើយ​ជាប់លេខ៨ ដោយ​ទទួល​សំឡេងគាំទ្រ ១,១៥%

កម្មករ៖ បេក្ខជន​ប្រធានាធិបតី​ដែល​មាន​ប្រភព​ចេញពី​វណ្ណៈកម្មករ។ នេះ​គឺ​ជា​ទឡ្ហីករណ៍​ដ៏​ចម្បងមួយ ដែល​លោក​ហ្វីលីព ពូទូ តែងតែ​លើកឡើង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ លោក​ថែមទាំង​បាន​ធ្វើ​កូដកម្ម​បិទរោងចក្រ​ផលិតរថយន្ត​ Ford ដែល​លោក​ធ្វើការ នៅ​ចំអំឡុង​ពេល​កំពុង​មាន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ប្រឆាំងមូលធននិយម៖ កម្មវិធី​នយោបាយ​របស់​លោក​ ផ្តោត​ជា​សំខាន់​ទៅលើ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​គេចពន្ធ ព្រមទាំង​ទាមទារ​ឲ្យ​មាន​ការ​ការ​ចែករំលែក​ការងារ និង​ធនធាន​ប្រកបដោយ​សមធម៌។

ប្រផិតប្រផើយ៖ ដើម្បី​អាច​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ បេក្ខជន​ត្រូវការ​ហត្ថលេខា​គាំទ្រ​ពី​សមាជិក​សភា ឬសមាជិក​​ក្រុមប្រឹក្សាតំបន់ ខេត្ត សង្កាត់ ចំនួន ៥០០នាក់។ ហត្ថលេខា​ដែល​លោក​ហ្វីលីព ពូទូ ពិបាក​នឹង​ស្វែងរក។ រហូត​ទាល់តែ​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​កាលកំណត់​ទទួល​បេក្ខភាព ទើប​លោក​អាច​រក​បាន​ហត្ថលេខា​ទាំង ៥០០ ហើយ​បាន​ចុះឈ្មោះ​បេក្ខជន​ទាំង​ប្រផិតប្រផើយ។

Kardashian៖ នៅ​ពេល​ដែល​តារាទូរទស្សន៍​អាមេរិក​ត្រូវ​ចោរប្លន់​​យក​គ្រឿងអលង្ការ​តម្លៃ​រាប់លាន​ដុល្លារ នៅ​ក្នុង​បន្ទប់សណ្ឋាគារ​ក្នុងក្រុង​ប៉ារីស លោក​ហ្វីលីព ពូទូ បាន​សរសេរ​នៅលើ​បណ្តាញសង្គម Twitter ថា “គ្រឿងអលង្ការ​តម្លៃ​ដល់​ទៅ ៩លាន​ដុល្លារ នៅ​ក្នុង​បន្ទប់សណ្ឋាគារ #KimKardashian? វាជា​ភាព​ចាំបាច់​និង​បន្ទាន់​ដែល​គេ​ត្រូវ​ធ្វើការ​បែងចែកឡើងវិញ​នូវ​ភាព​មានបាន »។ Tweet ដែល​បង្កើត​ឲ្យ​មាន​ភាព​ចម្រូងចម្រាស ហើយ​ដែល​ត្រូវ​បាន​លោក​ហ្វីលីព ពូទូ លុបចោលវិញ។


Member Bio image

ហ្សាក់ ស្ហឺមីណាដ

Solidarité et Progrès


អាយុ៖ ៧៥ឆ្នាំ
គណបក្ស៖ Solidarité et Progrès
ធ្លាប់ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពីឆ្នាំ២០១២ ហើយ​ជាប់លេខ១០ (ក្រោយគេបង្អស់) ដោយ​ទទួលសំឡេងគាំទ្រ ០,២៥%

LaRouche៖ នៅ​ក្នុងអំឡុងពេល​ស្នាក់នៅ​ញូវយ៉ក​កាល​ពីឆ្នាំ១៩៨៤ លោក​ហ្សាក់ ស្ហឺមីណាដ បាន​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​សំណាក់​លោក លីនដុន ឡារូស្ហ (Lyndon LaRouche) មេដឹកនាំ​ចលនា​កុម្មុយនិស្ត​អាមេរិក។ លោក​ហ្សាក់ ស្ហឺមីណាដ ធ្លាប់​ត្រូវ​បាន​ FBI ធ្វើការ​ស៊ើបអង្កេត​ ដោយ​សង្ស័យ​ថា លោកគឺ​ជា​ចារកិច្ច​បរទេស​ដែល​ធ្វើការ​ឲ្យ​ពួក​កុម្មុយនិស្ត​អាមេរិក។

រកកន្លែងដាក់មិនត្រូវ៖ គេពិបាក​នឹង​កំណត់​ថា​តើ​នយោបាយ​របស់​លោក​ហ្សាក់ ស្ហឺមីណាដ ស្ថិត​នៅ​ត្រង់កន្លែងណាពិតប្រាកដ (ឆ្វេង ស្តាំ ឬកណ្តាល)។ ក៏ប៉ុន្តែ គេ​អាច​កត់សម្គាល់ថា គោលនយោបាយ​ដ៏សំខាន់​មួយ​របស់​លោក គឺ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ស្ថាប័ន​ហិរញ្ញវត្ថុ រួមមាន​ទាំង​ទីផ្សារ​មូលបត្រ​ញូវយ៉ក ឬ​ក៏​ឡុងដ៍ រហូតដល់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​ស្ថាប័ន​សហភាព​អឺរ៉ុប។

សមុទ្រ៖ យោងតាម​លោក​ហ្សាក់ ស្ហឺមីណាដ អនាគត​របស់​មនុស្សជាតិ​គឺ​នៅ​សមុទ្រ។ គឺ​នៅ​សមុទ្រ​ដែល​មាន​ចំណុច​ជាច្រើន​ ដែល​មនុស្សជាតិ​ត្រូវ​សិក្សាឈ្វេងយល់ រុករក និង​គិតគូរពិចារណាឡើងវិញ ​ក្នុង​ការ​រៀបចំ ចាត់ចែង និង​ទាញ​យក​ប្រយោជន៍។


Member Bio image

ហ្សង់ ឡាសាល

Résistons !


អាយុ៖ ៦១ឆ្នាំ
គណបក្ស៖ Résistons !
តំណាងរាស្រ្ត​តាំងពីឆ្នាំ២០០២​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន

អ្នកឃ្វាលចៀម៖ មានឫសគល់​ចេញ​ពី​ត្រកូល​អ្នក​ឃ្វាលចៀម លោក​ហ្សង់ ឡាសាល ចូលចិត្ត​ហៅខ្លួនឯង​ថា​ជា​គ្រូគង្វាល​ដ៏ល្អម្នាក់។ លោកថែមទាំង​បាន​សរសេរ​សៀវភៅ​មួយ ដែល​បង្ហាញ​ពី​កម្មវិធី​នយោបាយ​របស់​លោក ដោយ​ដាក់​ចំណងជើង​ថា “Un berger à l’Élysée” (អ្នកឃ្វាលចៀម​​នៅ​វិមាន​អេលីហ្សេ)។

និន្នាការកណ្តាល-ស្តាំ៖ មានប្រភពនយោបាយ​ចេញ​ពី​គណបក្ស​កណ្តាលនិយម UDF (ដូរឈ្មោះ​ទៅជា MoDem នៅឆ្នាំ២០០៧) លោកហ្សង់ ឡាសាល ជា​អ្នក​នយោបាយ​ស្និទ្ធ​នឹង​លោក​ហ្វ្រង់ស័រ បេរូ។ ក៏ប៉ុន្តែ ផ្ទុយ​ពី​លោក​ហ្វ្រង់ស័រ បេរូ ដែល​ប្រកាស​គាំទ្រ​លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទីពីរ នៅ​ឆ្នាំ២០១២ លោក​ហ្សង់ ឡាសាលវិញ ប្រកាស​គាំទ្រ​លោក​នីកូឡា សាកូហ្ស៊ី។

ខុសពីគេ៖ ជាអ្នក​នយោបាយ​ដែល​ចូលចិត្ត​ធ្វើ​សកម្មភាព​ប្លែកខុសពីគេ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​សាធារណជន។ កាលពីឆ្នាំ២០០៦​ លោក​បាន​ធ្វើ​កូដកម្ម​អត់អាហារ​រហូត​ដល់​ទៅ ៣៩ថ្ងៃ ដើម្បី​តវ៉ា​ជំទាស់​នឹង​ការ​បិទរោងចក្រ​​នៅ​ក្នុង​មណ្ឌល​របស់​លោក។ មានម្តង​នោះ លោក​ថែមទាំង​ឡើងឈរស្រែកច្រៀង​នៅ​កណ្តាល​សម័យប្រជុំ​សភា ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​នឹង​គម្រោង​បិទប៉ុស្តិ៍កង​អាវុធហត្ថ​នៅ​ក្នុង​មណ្ឌល​របស់​លោក។